ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ជាមួយគ្នានោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចាត់ទុកថាជាការឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន បក្ស និងរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម ក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងអបអរសាទររបស់ សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្ដម ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមផងដែរ។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង
ឱកាសដែល ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ទន្ទឹមនឹងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ភាគីទាំងពីរក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាយូរឆ្នាំកន្លងមក និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និយាយដោយឡែក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕