សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លើកពីចំណុចសំខាន់ នៅមីយ៉ាន់ម៉ា គឺបទឈប់បាញ់ បញ្ឈប់នូវអំពើហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា

 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ទៅកាន់ ឯកឧត្តមប្រធានាធិបតី ដោយការជួបសន្ទនាជាលើកទី១ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងពីដំណើរទសន្សកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២១ ដោយមានមនុស្សមួយចំនួនមានការអបអរសាទរ និងអ្នកខ្លះទៀតមិនបានគាំទ្រ ។

ហើយអ្វីដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺគិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាម ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសមីយ៉ាន់ម៉ាពីមុននិងស្ថានភាពនៅពេលនេះមិនដូចគ្នាទេ ដោយសារមីយ៉ាន់ម៉ាពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះអាចមានរដ្ឋាភិបាល២ ។

ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែយើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ ៖

ទី១) លទ្ធផលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា តែសម្ដេចស្នើសុំឲ្យមានការឯកភាពពី ឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះនឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។
ទី២) ការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរ ដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ ដូច្នេះហើយនៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ នឹងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងយន្តការ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណា ចូលរួមជួយដល់មីយ៉ាន់ម៉ា ហើយនិងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយ៉ាំងហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ ។ គំនិតទាំងអស់នេះ ឬមួយក៏ការចាប់ផ្ដើមជំនួបការងារផ្សេងៗទាំងអស់នេះ

គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំថា នឹងឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខនេះ គឺដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារនេះ ជាពិសេស នៅក្នុងការជំរុញការធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ ។ អ្វីដែលសំខាន់នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីគំនិតផ្ដួចផ្ដើមទាំងអស់នេះ គឺសម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ក៏ដូចជាអ្វីដែលសម្ដេចបានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមកនេះ រួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រយការ និងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណសម្ដេចតេជោ នូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ ៕