នាយកដ្ឋានបរិវត្ដកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន E-School Cambodia នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណ:នៃការយោគ យល់លើកិច្ចសហប្រតិបត្តិការ ស្តីពីការបង្កើតសៀវភៅឌីជីថល ក្នុងការកសាង សមត្ថភាពឌីជីថលដល់សិស្សានុសិស្ស និងគ្រូបង្រៀន ដែលជាចំណែកមួយនៃការកសាង សមត្ថភាពពលរដ្ឋឌីជីថល និងជួយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសាគមនាគមន៍ ក្នុងវិស័យអប់រំ ស្របតាមទិសដៅបញ្ចកោណ និងសសរស្តម្ភ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីលើកស្ទួយការអប់រំបែបឌីជីថល ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការចុះអនុស្សរណៈ នៃការយោគយល់ ដែលមានគោលដៅ អភិវឌ្ឍន៍កម្មវិធីសិក្សាស្ដីពីបច្ចេកវិទ្យា AR (Augmented Reality)/VR (Virtual Reality) បណ្តុះបណ្តាលគ្រូ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ការចូលប្រើរបស់សិស្សប្រកបដោយសមធម៌ បង្កើនការរៀនសូត្រ អភិវឌ្ឍន៍ ជំនាញឌីជីថល និងការស្រាវជ្រាវ វាយតម្លៃ។
បើតាមមន្ត្រីនៃនាយកដ្ឋានបរិវត្ដកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សៀវភៅឌីជីថលដែលប្រើប្រាស់បច្ចេកវិទ្យាពិភពនិមិត្តនេះ អាចឱ្យ សិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យទ័របន្ទះ ដើម្បីស្កេន QR Code នៅលើមេរៀននីមួយៗ ហើយព័ត៌មានទាំងអស់នឹងផុសចេញលើសៀវភៅ ដែលនឹងផ្តល់ជា ជំនួយដល់ការសិក្សារបស់សិស្ស ឱ្យឆាប់យល់មេរៀន តាមរយៈការមើល ឃើញផ្ទាល់នូវរូបភាព 3D មានចលនាជាមួយសំឡេងអត្ថាធិប្បាយផងដែរ។ ការសិក្សាតាម រយៈសៀវភៅឌីជីថលក៏អាចជួយសិស្សានុ សិស្សមួយចំនួនធំរកឃើញ ជំនាញពីកំណើតរបស់ពួកគេ ដែលនេះជាកត្តាសំខាន់ចាំបាច់ ក្នុងការសម្រួចទិសដៅ ជីវិតរបស់សិស្សានុសិស្សទៅលើអ្វីដែលខ្លួនគេចូលចិត្ត។
សៀវភៅឌីជីថលនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥ នៅតាម សាលាមួយ ចំនួនក្នុងរាជធានី ខេត្ត រួមទាំងការបណ្តុះបណ្តាលគ្រូបង្គោលទៅលើការ ប្រើប្រាស់សៀវភៅ ឌីជីថល ការរៀបចំកាលវិភាគសិក្សាសៀវភៅឌីជីថល ការរៀបចំប្លង់ សិក្សាបែបគរុកោសល្យ ទៅតាមមេរៀននីមួយៗ សម្រាប់ថ្នាក់សៀវភៅឌីជីថល ការធ្វើបច្ចុប្បន្នភាព ការថែរក្សា Hardware និងទិន្ន័យផ្សេងៗទៀត៕