នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងសហការី និង រីករាយដែលជួប ឯកឧត្តម នៅវិមានព្រឹទ្ធសភានាឱកាសនេះ ដោយកន្លងមក សម្តេច និងឯកឧត្តមអគ្គរដ្ឋទូត បានជួបពិភាក្សាគ្នានៅវិមានសន្តិភាព នៅពេលដែលសម្តេច ជានាយករដ្ឋមន្រ្តី។ សម្ដេចតេជោក៏បានអបអរសាទរដល់ក្រុមបាល់ទាត់បារាំង ដែលបានឈានចូលដល់វគ្គ១៦ក្រុម។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតដល់ឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធាន អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង វិញ គឺត្រូវបានពង្រឹងយ៉ាងជិតស្និទតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើររបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅទីក្រុងប៉ារីស នៅខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថា ឯកឧត្តមមានកិត្តិយសដែលនឹងទទួលស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែលត្រូវដឹកនាំគណៈប្រតិភូកីឡាទៅប្រកួតកីឡារដូវក្តៅនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះបារាំង ពិតជាសប្បាយរីករាយ និងសូមគាំទ្រពេញទំហឹង ចំពោះបេក្ខភាពប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលនឹងមានបណ្តាប្រទេសជាង ៩០ ចូលរួម។ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទី២ ក្នុងអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម នៅឆ្នាំ១៩៩៧ ដែលពេលនោះឯកឧត្តម ក៏បានចូលរួមជួយវៀតណាមក្នុងការរៀបចំផងដែរ។ ឯកឧត្តមអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់ភាសាបារាំងនៃថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបសម្តេចប្រធាន ពីគោលបំណងស្នើសុំពង្រីកវិទ្យាល័យ Descartes នៅរាជធានីភ្នំពេញ ដោយសារចំនួនសិស្សដាក់ពាក្យសុំចូលរៀនកើនឡើងខ្ពស់ ដែលសាលាមិនអាចទទួលឱ្យចូលរៀនបាន។
ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាប សម្តេចតេជោ ពីកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះការវិនិយោគ របស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់។ លើសពីនេះ នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យ ឯកជន ចំនួន២៥០ រូប។ សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧ រូប នៃរដ្ឋាភិបាលកម្ពុជាដែលសុទ្ធតែចេះនិយាយភាសាបារាំង។
កាលពីសប្តាហ៍មុន ឯកឧត្តមអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបឋមសិលាសាងសង់គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានក្រុមហ៊ុនបារាំង Vinci Constructions … ចូលរួម។ នេះគឺជា ជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ជំនួយដល់កម្ពុជាតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានកើនឡើងពី១០០លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងផលិតកម្មទឹកស្អាត។
ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបសម្តេច ពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តម Gerard LARCHER ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានជម្រាបដំណឹងមរណទុក្ខ របស់ឯកឧត្តម Roland Dumas អតីតរដ្ឋមន្រ្តីការបរទេសបារាំង ក្នុងជន្មាយុ ១០១ ឆ្នាំ ដែលធ្លាប់ជាសហប្រធានអង្គប្រជុំជាច្រើនក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជានៅឆ្នាំ១៩៩១។
ជាកិច្ចឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេច បានចូលរួមអបអរសាទរ ថ្ងៃបុណ្យជាតិសាធារណរដ្ឋបារាំង ១៤ កក្កដា ខាងមុខនេះ និងបានរម្លឹកពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជនខ្មែរ-បារាំងដែលពលីនៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ បានជូនពរប្រទេសបារាំង ទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ ក្នុងឆ្នាំ២០២៤នេះ និង អរគុណដែលអញ្ជើញកីឡាករកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការអូឡាំពិកនេះ តាមវិញ្ញាសាដែលបារាំងរៀបចំ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់តាខ្មៅ លែងមានការខ្វះខាតទឹកស្អាតប្រើប្រាស់។ សម្តេច ក៏សូមស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឥស្សរជនកំពូលៗរបស់កម្ពុជាចូលរួម។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានរំលឹកពីការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។ នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញនូវអាទិភាព សំខាន់ចំនួនពីរ គឺការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័ស ពិបាកប៉ាន់ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ រីឯ អាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត ដោយសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។ សម្តេចប្រធាន បានផ្តល់យោបល់ដល់ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូ និង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ពីព្រោះថាតម្រូវការរៀនភាសាបារាំងនេះ នឹងមិនថមថយនោះទេ។
សម្តេចតេជោ និងឯកឧត្តមអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល យោធា តាមរយៈកងទ័ពមួកខៀវ ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខសកល ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ផ្លាស្ទិក ជំងឺអេដស៍ … ។ល។
សម្តេចតេជោ បានសម្តែងនូវសមានចិត្តសោកសៅ និងតក់ស្លុតជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តម Roland Dumas។ សម្ដេច បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ។ សម្ដេចបានចាត់ទុក ឯកឧត្តម Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោបានរំលឹកនូវអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើនដែលឯកឧត្តម Roland Dumas បានធ្វើ ដើម្បីសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តមអគ្គរដ្ឋទូត ឱ្យឆាប់មានសុខភាពរឹងមាំ និងផ្តាំផ្ញើសួរសុខទុក្ខសហការី និងមន្រ្តីស្ថានទូតបារាំងទាំងអស់។ សម្តេច ក៏បានជូនពរឱ្យក្រុមបាល់ទាត់បារាំង ទទួលជ័យជំនះ ក្នុងការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ក្នុងវគ្ក៨ ក្រុមចុងក្រោយនេះ និងឈានទៅដល់ការប្រកួត វគ្គជម្រុះបន្តបន្ទាប់ទៀត៕