នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដោយមានសមាសភាពអតីតយុទ្ធជនមកពីរាជធានី ខេត្ដ រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣.១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនោះ ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្ដន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្ដិសាស្ដ្រយោធាវិមានរំលឹកគុណ និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្ដិសាស្ដ្រ ដើម្បីចារិកទុក និងតម្កល់និមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្ដិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ដើម្បីជាតិមាតុភូមិ ។
សម្តេចធិបតី ក៏បានមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា តាមរយៈ៖ ទី១. ការផ្តល់កិត្តិយស ដោយកំណត់យកថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំជា ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្នុងការការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ។ ទិវានេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ តបស្នងសងគុណដល់អតីតយុទ្ធជន និងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជនក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការសេ្នហាជាតិ ដោយរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ទី២. ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយបន្តគិតគូរ និងបានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤, ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥ ម៉ឺនរៀល, និងការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ដ្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ជាដើម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនមានពិការភាព និវត្ដជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់ ។
ទី៣. ការផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិដោយផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេន ផងដែរ ។
ជាចុងក្រោយ សម្តេចមហាបវរនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិចុះជួយរាជធានី ខេត្ត សប្បុរសជន ដៃគូអភិវឌ្ឍនានា ដែលបានបរិច្ចាគថវិកា និងសម្ភារៈ និងរួមសហការជិតស្និទ្ធ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបង្កគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ឱ្យទទួលបានការលើកកម្ពស់ជីវភាពសុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់ និងកាន់តែមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕