អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅ ព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះថា យោធាប្រទេសកូរ៉េខាងត្បូងបានបាញ់ព្រមានទាហានកូរ៉េខាងជើង ដែលធ្វើការនៅតំបន់-ស ពុះចែកប្រទេសកូរ៉េជា២ បានដើរឆ្លងកាត់ចូលទៅក្នុងព្រំដែននៃប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលខ្លី មុនពេលពួកគេត្រឡប់ទៅកាន់ព្រំដែនរបស់ពួកគេវិញ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសារមួយប្រាប់អ្នកយកព័ត៌មានថា ទាហានកូរ៉េខាងជើងបានដើរឆ្លងកាត់ផុតខ្សែបន្ទាត់ព្រំដែន ពុះចែកប្រទេសកូរ៉េជា២ ដែលស្ថិតនៅចំកណ្តាលតំបន់ស នៅម៉ោងប្រហែល១:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ។
ការឈ្លានពានព្រំដែនរបស់ប្រទេសកូរ៉េខាងជើងមកប្រទេសកូរ៉េខាងត្បូងនេះ បានកើតមានឡើងនៅពេលដែលប្រទេសកូរ៉េខាងជើង បាននឹងកំពុងតែដាក់ពង្រាយទាហានរាប់រយនាក់នៅតាមតំបន់ជួរមុខ ចាប់តាំងពីខែមេសាមកម្លេះ ដើម្បីធ្វើសកម្មភាពផ្សេងៗដូចជា ការដាំគ្រាប់មីន ធ្វើជញ្ជាំង ដែលគេសន្មត់ថា ជារបាំងប្រឆាំងរថក្រោះ និង ការពង្រឹងផ្លូវថ្នល់។
យោធាប្រទេសកូរ៉េខាងត្បូងបានបាញ់ព្រមានទាហានកូរ៉េខាងជើង ដែលបានឈ្លានពានព្រំដែនរបស់ខ្លួនចំនួន២ដងរួចមកហើយកាលពីថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤ និង នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ មុនពេលពួកគេត្រឡប់ទៅកាន់ព្រំដែនរបស់ពួកគេវិញ៕