ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។
ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ ក្នុងក្របខណ្ឌជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ បានគិតគូរ និងរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង៖ (១).ពិភាក្សាអំពីបទពិសោធនៃការអនុវត្តល្អៗ សម្រាប់ការរៀបចំ និងការអនុវត្តកិច្ចការអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណ: រួមទាំងការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណ:នៅគ្រប់កម្រិតអភិបាលកិច្ចទាំងអស់ (២).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងការធ្វើនវានុវត្តន៍ បច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិការងារនៅក្នុងវិស័យសាធារណ: (៣).ពិភាក្សាអំពីវឌ្ឍនភាពនៃការងារអាទិភាពកំណែទម្រង់រដ្ឋបាលសាធារណ: នាពេលបច្ចុប្បន្ន និងដើម្បីស្វែងរក ឬកំណត់នូវចំណុច ឬផ្នែកដែលត្រូវការកែលម្អសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា សិក្ខាសាលានាថ្ងៃនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ និងជាទស្សនវិស័យ ចំណេះដឹងបន្ថែម និងគុណវុឌ្ឍក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង-ស្ថាប័ន ដើម្បីរៀបចំ និងពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការដោះស្រាយបញ្ហាមួយចំនួន ដែលក្រសួង-ស្ថាប័ន បាននឹងកំពុងជួបប្រទះរួមមាន៖ (ទី១).ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង-ស្ថាប័ន (ទី២).ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ផ្អែកលើស្ថានភាពដែលក្រសួង-ស្ថាប័ន ត្រូវអនុវត្ត (ទី៣).ភាពស្មុគស្មាញនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង-ស្ថាប័ន និងបញ្ហាអសង្គតិភាពនៃការកំណត់សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន (ទី៤).ភាពមិនពេញចិត្តរបស់អ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវាដែលផ្តល់ដោយក្រសួង-ស្ថាប័នជាដើម។
ចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ពីភាពចំាបាច់នៃការវិភាគមុខងារ ដែលក្រសួង-ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តន៍ទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» មានការអញ្ជើញចូលរួមដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួង-ស្ថាប័ន៣០ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះមានរៀបចំបទបង្ហាញស្តីពី ពាក់ព័ន្ធការងារវិភាគមុខងារដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ, បទពិសោធ និងករណីសិក្សារបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី និងលំហាត់ពិភាក្សាផងដែរ។ សិក្ខាសាលានេះជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រួមជាមួយការសហការឧបត្ថម្ភដោយ The European Union និងAustralian Aid។