អាមេរិកលូកដៃកាន់តែជ្រៅហើយ សង្រ្គាមរវាង រុស្សី និង អ៊ុយក្រែន ថ្មីៗនេះ ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot មួយគ្រឿងទៀត ទៅកាន់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ដោយផ្អែកលើប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាល ក៏ដូចជាយោធាអាមេរិក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot មួយគ្រឿងទៀត ទៅកាន់អ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។
ដំណឹងខាងលើកើតមានឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបន្តទទូច​ឱ្យមានការផ្តល់ ប្រព័ន្ធការពារដែនអាកាសបន្ថែម អំឡុងពេលចាប់ផ្តើមនៃសប្តាហ៍មួយ ដែលពោរទៅដោយកិច្ចប្រជុំផ្នែកការទូត ជាមួយបណ្តាដៃគូលោកខាងលិច។ ថ្មីៗនេះ លោក ហ្សេលេនស្គី បានអំពាវនាវសុំប្រព័ន្ធ Patriot ប៉ុន្មានគ្រឿងបន្ថែមទៀត ដោយក្នុងនោះ រួមមាន២គ្រឿង ដើម្បីយកទៅការពារតំបន់ Kharkiv ភាគខាងកើត ជាទីដែលរុស្ស៉ីបានបើកនិងកំពុងបើកការវាយលុកជាថ្មី ចាប់តាំងតែពី​ខែឧសភាមក។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន New York Times ប្រព័ន្ធ Patriot ១គ្រឿងថ្មី ដែលនឹងផ្តល់ឱ្យអ៊ុយក្រែន បច្ចុប្បន្នកំពុងដាក់ពង្រាយនៅប៉ូឡូញ ដើម្បីការពារកម្លាំងឆ្លាស់វេនអាមេរិក ដែលនឹងត្រូវត្រឡប់មកកាន់សហរដ្ឋអាមេរិក។ វានឹងជាប្រព័ន្ធ Patriot យ៉ាងហោចគ្រឿងទី២ ដែលទីក្រុងវ៉ាស៉ីនតោន បញ្ជូនទៅអ៊ុយក្រែន។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិច បន្តប្រឹងប្រែងជួយ​ពង្រឹង ការការពារដែនអាកាសរបស់អ៊ុយក្រែន តាមតែអាចធ្វើទៅបានផងដែរ។ មកទល់ពេលនេះ អាល្លឺម៉ង់បានចូលរួមចំណែកផ្តល់ Patriot សរុប៣គ្រឿង ឱ្យទីក្រុងកៀវ៕

CATEGORIES
Share This