ខេត្តកោះកុង-កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង វេលាថ្ងៃត្រង់ថ្ងៃ៩មិថុនា២០២៤ ហើយភ្លាមៗជនរងគ្រោះលើ កប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះនិងស្រង់ជនរងគ្រោះជាបឋមពីក្នុងសមុទ្រ។ កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
លោកម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្តរួមនិងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍។
ជនរងគ្រោះចំនួន ១០នាក់នោះមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ
២.ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ
៣.ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិថៃ
៤.ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ
៥.ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិថៃ
៦.ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ
៧.ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ
៨.ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ
៩.ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ
១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។
នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕27