សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ប្រារព្ធឡើងនៅខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ប្រារព្ធឡើងនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពីធី អំពីស្ថានភាពផ្លូវ ស្ពាន និងស្ថានភាពចរាចរណ៍នៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះឯកឧត្តមក៏បានឱ្យដឹងថាក្នុងឆ្នាំ២០២១ ខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍សរុប១២៧លើក ស្លាប់៧៤នាក់ របួស២១៤នាក់ ធៀបឆ្នាំ២០២០ ថយចុះ៦២ករណី ស្លាប់ថយ១២នាក់ របួសថយចុះ១០៩នាក់។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ផ្ដួចផ្ដើមឡើងដោយអង្គការសហប្រជាតិ និងបានកំណត់យកខែឧសភាជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវានេះឡើងនៅតាមប្រទេសនានាទូទាំងពិភពលោក ដើម្បីជាការក្រើនរំលឹកប្រជាពលរដ្ឋ ពិសេសប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើវិស័យសុវត្ថិភាពចរាចរណ៍៕