យាន រ៉ូបូត ចិន Chang’e-6 បានចុះចតដោយជោគជ័យ ទៅលើផ្ទៃរបស់ព្រះចន្ទ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា យានរ៉ូបូតចិន Chang’e-6 បានចុះចតដោយជោគជ័យ ទៅលើផ្ទៃរបស់ព្រះចន្ទ នាថ្ងៃអាទិត្យនេះ នៅឯចំហៀងម្ខាងទៀតដែលមិនបែរមុខមករកផែនដី ដើម្បីប្រមូលយកគំរូតាងពីទីនោះ ត្រឡប់មកាន់ភពយើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។
យាន Chang’e-6 បានចុះចតនៅតំបន់ South-Pole-Aitken Basin របស់ព្រះចន្ទ ខណៈវាជារណ្តៅអាចម៍ផ្កាយធំបំផុតមួយ ដែល​អ្នកវិទ្យាសាស្រ្តបានដឹង នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។ បេសកកម្ម Chang’e-6 គឺជាលើកដំបូងបង្អស់ ដែលគំរូតាងនឹងត្រូវប្រមូលយក ពីតំបន់ដែលមានការស្រាវជ្រាវរុករុកតិចតួចមួយនេះ នៃឋានព្រះចន្ទ។
យាន Chang’e-6 ស្ថិតក្នុងបេសកកម្មមានរយៈពេលសរុប៥៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែឧសភា នៅពេលវាចាកចេញ​ពីផែនដី។ ស្របពេលដែលឥឡូវ វាបានចុះចតដោយជោគជ័យហើយនោះ យានរ៉ូបូតចិនមួយនេះ នឹងចាប់ផ្តើមព្យាយាមប្រមូលយកគំរូតាង ដែលអាចប្រើ​ពេលប្រមាណជា២ថ្ងៃ។ បន្ទាប់មក Chang’e-6 ចាំបាច់ត្រូវហោះឡើងចេញពីផ្ទៃព្រះចន្ទវិញ ដើម្បីត្រឡប់មកកាន់ផែនដី។
គួរបញ្ជាក់ថា ចិនធ្លាប់បានបញ្ជូនយានរ៉ូបូតផ្សេងៗទៀត ឱ្យទៅចុះចតនិងធ្វើប្រតិបត្តិការ នៅលើផ្ទៃព្រះចន្ទក៏ដូចជាភពអង្គារ (Mars) ហើយជាប្រទេសទី៣ ដែលមានសមត្ថភាពនាំយកមនុស្សដោយខ្លួនឯងផ្ទាល់ ទៅកាន់ទីអវកាស។ ចិនមានគោលដៅបញ្ជូនក្រុមអវកាសយានិក ទៅកាន់ឋានព្រះចន្ទ ឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀតផង។ រីឯសហរដ្ឋអាមេរិកវិញ ក៏កំពុងមានផែនការបញ្ជូនក្រុមអវកាសយានិកសាជាថ្មី ទៅកាន់ផ្ទៃព្រះចន្ទផងដែរ នៅឆ្នាំ២០២៦ តាមរយៈបេសកកម្ម Artemis 3 របស់ខ្លួន៕

CATEGORIES
Share This