សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសឥណ្ឌា

 

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។

លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនោះវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។ដោយឡែកវ៉ាក់សាំងចំនួន ១២៥,០០០ដូស នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។
លោកជំទាវបានបន្ថែមទៀតថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។ ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ ៕