នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ។
ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល កាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
ព្រែកជីកហ្វូណនតេជោ គឺមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះ អនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សារ និង៣០០០តោននៅរដូវប្រាំង។ ហេដ្ឋារចនាសម្ព័ន្ធនៃព្រែកជីកនេះគឺមានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ គ្រោងសាងសង់ប្រើប្រាស់ពេលវេលា០៤ឆ្នាំ ដើម្បីសាងសង់៕