កម្លាំង​សមត្ថកិច្ច​ បាន​ឃាត់រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ដើម្បីត្រួតពិនិត្យ ក៏ប្រទះ​ឃើញ​គ្រឿងញៀនយ៉ាងច្រើន​សន្ធឹកសន្ធាប់ រួម​មាន​វិទ្យុទាក់ទង​៣​គ្រឿង និង​គ្រាប់បែកដៃ​២​គ្រាប់​

កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៩) បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​វាល​ព្រីង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

ក្រោយ​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ស៊េរី​ទំនើប​ទាំងនោះ ក៏​បាន​ប្រទះ​ឃើញ​គ្រឿងញៀន​ជា​ច្រើន​សន្ធឹកសន្ធាប់ រួម​មាន​វិទ្យុទាក់ទង​៣​គ្រឿង និង​គ្រាប់បែកដៃ​២​គ្រាប់​ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ​ខាងលើ​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន​៣​នាក់ និង​ខ្មែរ​ម្នាក់ វត្ថុ​តាង​ចាប់​យក​រួម​មាន៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន២២៥ដុំ ស្មើ​២២៥​គីឡូក្រាម​និង​២៥៣​ក្រាម ប្រភេទ​កេ​តា​មីន​ចំនួន​៣២​ដុំ ស្មើ​៣១​គីឡូក្រាម​និង​៩២៣.២​ក្រាម ។ ដូច្នេះថ្នាំ​ញៀន​ទម្ងន់​សរុប​២៥៧​គីឡូក្រាម និង​១៧៦.២​ក្រាម ។