មេដឹកនាំឆេឆេនី នឹងផ្តល់ក្រុមអ្នកប្រយុទ្ធបន្ថែមទៀត ទៅជួយទីក្រុងមូស្គូក្នុងការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន
រុស្ស៉ី៖ មេដឹកនាំតំបន់ឆេឆេនី ដែលជាតំបន់មួយរបស់រុស្ស៉ី លោក Ramzan Kadyrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានជួបប្រធាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯ វិមានក្រឹមឡាំង ហើយនឹងផ្តល់ក្រុមអ្នកប្រយុទ្ធបន្ថែមទៀត ទៅជួយទីក្រុងមូស្គូក្នុងការធ្វើសង្រ្គាមជាង ២ឆ្នាំជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។
លោក Kadyrov ដែលកំពុងដឹកនាំសាធារណរដ្ឋឆេឆេនី ស្ថិតនៅតំបន់កូកាសខាងត្បូង (South Caucasus) ក្នុងនាមភក្តីភាពជាមួយវិមានក្រឹមឡាំង តាំងពីឆ្នាំ២០១៧មក បានបង្ហោះរូបភាពជាមួយ លោក ពូទីន អមដោយសារថាបានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងការរំពឹងទុក ក៏ដូចជាអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ច។ លោក Kadyrov បានឱ្យដឹងថា យុទ្ធជនរាប់ម៉ឺននាក់ ដែលទទួលការហ្វឹកហ្វឺនយ៉ាងល្អ បានត្រៀមរួចរាល់អស់ហើយសម្រាប់ការជួយរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន ប្រសិនបើ ទទួលបានបទបញ្ជា។ បច្ចុប្បន្ន កងទ័ពចំនួន ៤៣,៥០០នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន ក្នុងនោះ ១៨,០០០នាក់ជាអ្នកស្ម័គ្រចិត្ត។ នេះបើតាមលោក Kadyrov។
ក្រុមបំបែកខ្លួនឆេឆេនី ធ្លាប់បានប្រយុទ្ធពីរលើក ក្នុងសង្រ្គាមជាមួយយោធារុស្ស៉ី បន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀតឆ្នាំ១៩៩១ ដោយកាលណោះបង្ក ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិតមនុស្ស។ ក្រោយមក លោក ពូទីន បានទុកផ្លូវឱ្យលោក Kadyrov ដឹកនាំតំបន់ដែលទុកក្រុមអ្នកកាន់សាសនាឥស្លាមជាចម្បង ជាថ្នូរនឹងការរក្សាស្ថិរភាព និងភាពស្មោះត្រង់ចំពោះរុស្ស៉ី៕