មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ ករណីរក្សារទុក ជួញដូរ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន និងរឹបអូសថ្នាំញៀនជាង ២៥គីឡូក្រាម និងសារធាតុគីមីផ្សំជាង៨០គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២ នៅខុនដូរខាឡា(CALLA)បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣ ខុនដូរ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផល៖

  • ចាប់ខ្លួនជនល្មើស០៣នាក់ ស្រី០១នាក់៖
    ១.ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
    ២.ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម
    ៣.ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម។
  • វត្ថុតាងចាប់យករួមមាន:
    ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម
    ២. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម
    ៣.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម
    ៤.គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម
    ៥.សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម)
    វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម)

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕