បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ នេះបើយោងតាមប្រភពព័ត៌មានក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងនោះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ។
ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។