សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃពុធ ទី១៥ ឧសភា ២០២៤ នេះ ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល និង ឯកឧត្តម PARK Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត មានការទទួលស្វាគមន៍ គោរព ស្រឡាញ់ យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដែលបានមកទទួលស្វាគមន៍ដល់សណ្ឋាគារ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល។