នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, ្រពមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន ៧៧ នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្ត និងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំ មកហើយ ។
ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗសិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ ។
ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់ ៕