អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពីដំណើររឿងពាក់ព័ន្ធនឹង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំៃភ្លព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
ការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ។