មនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍…………..

មនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាក ហុងដា ប៊ីត ចំនួន១គ្រឿង បុកជាមួយនឹងម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ចំនួន១គ្រឿង កាលពីវេលាម៉ោង៨:៤៥នាទីយប់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២ ៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-0490 ចំនួន១គ្រឿង បើកបរដោយឈ្មោះ គង់ វីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលក្នុង ភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ជិតផុតទៅហើយ ស្រាប់តែពេលនោះ ក៏មានម៉ូតូម៉ាក ហុងដា ប៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-8685 ចំនួន១គ្រឿង ជិះគ្នាពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្បអ្នកបើកបរម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ រងរបួសបាក់ជើងស្តាំ ចំណែកឯភាគីខាងម៉ូតូម៉ាក ហុងដា ប៊ីត វិញគឺ បុរសជាប្តីរងរបួស្រាល ស្ត្រីជាប្រពន្ធរងរបួសធ្ងន់។ រីឯម៉ូតូទាំង២គ្រឿងវិញ រងការខូចខាត។
ក្រោយពេលកើតហេតុ ពីរនាក់ប្តីប្រពន្ធខាងលើនេះ ត្រូវបានម៉ូតូកង់បីរបស់គ្លីនិកឯកជនមួយកន្លែងដឹកយកទៅ។ ចំណែកឯអ្នករបួសបាក់ជើង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះ។ រីឯម៉ូតូទាំង២គ្រឿងវិញ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង បន្ទាប់មកយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ៕