ភ្នំពេញ ៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កការ ភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចម្រុះ ចុះមក ទីតាំងកើតហេតុ កាលពីវេលាម៉ោង ៣ និង៥០នាទីទៀបភ្លឺ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ឃាត់ខ្លួនបានហើយ រួចប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌចាត់ការបន្ត ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីផ្ទុះអាវុធនោះបង្កឡើងដោយមន្ត្រីយោធាគឺលោកវរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅចំណុចផ្ទះលេខ 367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ ០១ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
យោងតាមការបំភ្លឺរបស់ជនបង្កបានឱ្យដឹងថាឆ្លៀតពេលពីការងារគាត់បានទៅបម្រើការផ្នែកសន្តិសុខនៅកន្លែងកម្សាន្តនឹក X នៅពេលយប់អស់រយៈពេលប្រហែល២ខែមកហើយ លុះដល់ថ្ងៃកើតហេតុវេលាម៉ោងជាង ០៣ទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះស្រាប់តែឃើញក្រុមក្មេងស្ទាវ៤នាក់ រត់ចេញពីផ្លូវតូចសំដៅមកខ្លួនមិនដឹងជាមានបំណងអ្វីក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់តែមិនបណ្តាលឱ្យមានរបួសអ្នកណាម្នាក់ឡើយពេលនោះក្រុមក្មេងបានរត់បាត់អស់រួចចាក់សោទ្វារចូលផ្ទះសម្រាក ។
សូមជម្រាបថាករណីផ្ទុះអាវុធជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ច ចម្រុះចុះមកទីតាំងកើតហេតុកាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាម បណ្តោយផ្លូវ ២៣៨ កែងផ្លូវលេខ១០៥ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះប្រមាណ៥គ្រាប់ចេញពីម្តុំផ្លូវលេខ២៣៨ ដោយ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មាន ។
លុះម៉ោង ៤ទៀបភ្លឺ សមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុនិងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋថាមានលឺសំឡេងផ្ទុះក៏ស្រាប់តែប្រទះឃើញគ្រាប់បន្ទុះចំនួន០៥គ្រាប់ដែលគ្រាប់ទាំងនេះស្ថិតនៅចន្លោះផ្លូវតូចមួយក្បែរសំយ៉ាបផ្ទះ ។
សមត្ថកិច្ច បានរើសគ្រាប់បន្ទុះបង្ហាញទៅកាន់អ្នក សារព័ត៌មាន ឃើញថាគ្រាប់នោះជាប្រភេទគ្រាប់កាំ ភ្លើងខ្លីតែមិនទាន់ដឹងកាំភ្លើងម៉ាកអ្វីនៅឡើយនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានយកគ្រាប់បន្ទុះនោះទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំបើកការស្រាវជ្រាវរកជនបង្កដែលបានបាញ់បោះយ៉ាងសេរីកណ្តាលទីក្រុង និងឈានដល់ការតាមឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនោះយកមកអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយផងដែរ ៕