មួយរយៈចុងក្រោយនេះឃើញថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងកម្តៅជាខ្លាំង ដោយក្នុងតំបន់ខ្លះមានកម្តៅដល់ ៣៩ អង្សា។ ហើយទន្ទឹមនឹងការកើនឡើងកម្តៅនេះ ក្រសួងសុខាភិបាលបានដាក់ចេញនូវការអនុវត្ត ១៤ ចំណុចដើម្បីការពារសុខភាពនៅអំឡុងពេលអាកាសធាតុក្តៅនេះ រួមមាន៖
ពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។
បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យ ខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្រុះ។
ចៀសវាងការពិសាជាតិអាល់កុល កាហ្វេត ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារ កម្ដៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។
ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្តៅឡើងបន្ថែមទៀត។
ចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅព្រះអាទិត្យ។
កាត់បន្ថយកម្ដៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួចនៅពេលយប់។ ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ឬនៅពេលព្រះអាទិត្យកំពុងពេញកម្ដៅ។ ហាត់បន្សំខ្លួនជាបណ្ដើរៗជាមួយលក្ខខណ្ឌអាកាសធាតុក្ដៅ។
ប្រើកន្សែងសើមជូតមុខរបស់អ្នកពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមាន អារម្មណ៍ថាក្ដៅខ្លាំង។ ងូតទឹកត្រជាក់ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមាន ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលមានសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកម្ដៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជា ពិសេសចំពោះមនុស្សចាស់ ឬកុមារ។
ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការប្រកបដោយសុវត្ថិភាព ក្នុងកម្ដៅដែលអាចទ្រាំទ្របាន ហើយធ្វើការសន្សឹមៗកុំប្រញាប់ប្រញាល់។
ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាម ដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកម្ដៅក្នុងកម្រិតណាមួយ។
កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។
សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការ ជំនួយយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ ចោលដោយមិនបានតែសួរសុខទុក្ខពួកគាត់។
ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរ បីនាទី ហើយពិសាភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមាន ហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព៕