ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះគ្រាប់ធុនធំតូចបណ្តាល ឱ្យឆេះឃ្លាំងស្តុកគ្រាប់បច្ចេកទេសក្នុងទីបញ្ជាការ យោធភូមិភាគទី៣ស្ថិតនៅភូមិបុរីកម្មករសង្កាត់ ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺនៅម៉ោង ប្រមាណជា១៤និង២៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានរងនូវការខូចខាតបឋម រួមមាន ៖
មនុស្ស ចំនួន ២០នាក់( ស្លាប់ )ក្នុងនោះមាន នាយទាហាន ខេត្តកោះកុង ចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគចំនួន ៥នាក់ ។
ចំពោះ អាវុធគ្រាប់ មក ពី ខេត្តកោះកុង មានរថយន្ត ០៥គ្រឿង( ផ្ទុះខ្ទេចរថយន្ត១គ្រឿង រួម ទាំងអាវុធគ្រាប់នៅលើរថយន្ត , រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង , ០៣គ្រឿងទៀតមិនទាន់បានដាក់អាវុធគ្រាប់ចុះ ) ។
ចំនួនអាវុធគ្រាប់ដែលដឹកជញ្ចូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធជូនភ្ជាប់ជាមួយរបាយការណ៍ ។
អាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគ( មិនទាន់សរុបបាន ) ។
អគារខូចខាតធ្ងន់ធ្ងរចំនួន ០៤ខ្នង ( អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នងខូចខាតទាំងស្រុងអគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគខូចខាតផ្នែកខាងក្រៅរួមមានទ្វារ បង្អួច និង ដំបូល ) ។
ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគចំនួន ២៥ខ្នង ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះថា ៖ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមាដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។
ខ្ញុំបានផ្តល់ការណែនាំដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយ ឧត្តមសេនីយ៍ វង្ស ពិ សេន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះឱ្យបានសមរម្យស័ក្តិសម នឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និង មាតុភូមិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ ។
រាជរដ្ឋាភិបាល នឹងទទួលរ៉ាប់រងទាំងស្រុងលើការចំណាយរៀបចំពិធីបុណ្យសពនេះ ។
ជាមួយគ្នានេះខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលីចំនួន ២ម៉ឺនដុល្លារអាមេរិកក្នុង មួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះក្នុងម្នាក់ៗចំនួន២០លានរៀល ។
ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលីបានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាត ឡើយ និងក៏សូមជូនពរយោធិន និង ជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ ៕