អគ្គនាយក CMAC លោក ហេង រតនា បានមានប្រសាសន៍ថា ក្រុមអ្នកជំនាញកម្ទេចគ្រាប់ (EOD) បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ហើយបានដឹកជញ្ជូនដោយសុវត្ថិភាពទៅកាន់មជ្ឈមណ្ឌលកំចាត់មីនរបស់ CMAC កាលពីថ្ងៃចន្ទ។លោកបានសរសេរនៅក្នុងសារបង្ហោះលើហ្វេសប៊ុកថា “គ្រាប់បែកនេះស្ថិតក្នុងតំបន់សមុទ្រនេះរយៈពេលជាង ៥០ឆ្នាំមកហើយ ប៉ុន្តែគ្រាប់បែកនេះនៅតែមានទ្រង់ទ្រាយ និងគុណភាពល្អនៅឡើយ” ។លោក រតនា បានមានប្រសាសន៍ថា គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 ដែលបានរកឃើញនេះ មានទម្ងន់ប្រហែល ២៣០ គីឡូក្រាម។បើតាមលោកអគ្គនាយក បានឱ្យដឹងថា នៅដើមខែមីនា ក្រុមការងារជំនាញ EOD ក៏បានគាស់ចេញ និងដោះយកគ្រាប់បែក MK-82 ចំនួន៣គ្រាប់ផងដែរ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម និងជម្លោះផ្ទៃក្នុងរយៈពេលបីទសវត្សរ៍ ចាប់ពីពាក់កណ្តាលទសវត្សរ៍១៩៦០ ដល់១៩៩៨។ តាមការប៉ាន់ស្មានមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពី៤ ទៅ ៦លានគ្រាប់ផ្សេងទៀត ដែលនៅសេសសល់ពីជម្លោះ។យោងតាមសាកលវិទ្យាល័យ Yale បានឱ្យដឹងថា ចន្លោះឆ្នាំ១៩៦៥ និង១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២៣០,៥១៦គ្រាប់ លើទីតាំងចំនួន ១១៣,៧១៦កន្លែង នៅក្នុងប្រទេសកម្ពុជា។យោងតាមរបាយការណ៍ផ្លូវការមួយបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម (ERW) បានឆក់យកជីវិតមនុស្សចំនួន ១៩,៨២២ នាក់ និងធ្វើឱ្យរបួស ឬពិការមនុស្ស ៤៥,២១៥ នាក់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។កម្ពុជាប្តេជ្ញាបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គ្រប់ប្រភេទឱ្យអស់ នៅឆ្នាំ២០២៥៕