(ខេត្តកណ្តាល) ៖ ទីតាំងបនល្បែងដែលកំពុងធ្វើព្យុះធ្វើភ្លៀងជួលឲ្យថៅកែវៀតណាមមានយីហោ «ថ្មពេជ្រ» ដែលសង្ស័យមិនមានការអនុញ្ញាតបន្ដអាជ្ញាប័ណ្ណទៀត កំពុងបើកដៃឲ្យជនជាតិខ្មែរ និងវៀតណាម លេងយ៉ាងគគ្រឹកគគ្រេង ដោយធ្វើឲ្យខាតបង់ថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅត្រង់ចំណុចច្រកព្រំដែនក្អមសំណរ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ទីតាំងកាស៊ីណូជ្រកក្រោមស្លាក «កាសុីណូថ្មពេជ្រ» លួចបង្កប់ល្បែងសុីសងជល់មាន់យ៉ាងធំ ដោយមាន អ្នកលេងសុទ្ធតែ ជនជាតិខ្មែរ និងវៀតណាម ចេញចូលដោយសេរី ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបទាល់តែសោះ។
បើតាមសេចក្តីរាយការបន្ថែមថា ទីតាំងកាស៊ីណូខាងលើនេះ សង្ស័យមិនមានការអនុញ្ញាតច្បាប់បន្ដទៀតនោះទេ ហើយប្រមូលម្តុំគ្នាលេងល្បែង ជល់មាន់ ទាំងយប់ទាំងថ្ងែ ចំណែកម៉ូតូ រថយន្ត សឹងតែមិនមានកន្លែងចតផង ដោយអ្នកខ្លះលេងចាញ់ ស្រែកឡូឡា អ្នកខ្លះលេងឈ្នះ ធ្វើមុខញញឹម។
ទីតាំងខាងលើនេះមិនឃើញមានសមត្ថកិច្ចចុះបង្រ្កាប ឬបិទ ទីតាំងនេះទាល់តែសោះ ទុកបណ្តែតបណ្តោយអោយមនុស្សចូលលេងដូចផ្សារលក់ត្រីចឹង។ ប្រជាពលរដ្ឋរស់នៅទីនោះមានការភ័យខ្លាច ព្រោះអ្នកលេងល្បែងចេញចូលទាំងយប់ទាំងថ្ងៃស្រែកឡូឡា ហើយកន្លងមកបទល្មើសឆក់ ប្លន់ និង លួច ហិង្សាក្នុងគ្រួសារ សុទ្ធតែកើតចេញពីល្បែងសុីសង ទាំងអស់នេះហេីយ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងសង្ស័យខុសច្បាប់មួយនេះផង៕