បន្ទាយមានជ័យ៖ សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកឃាតករ ចោរប្លន់ប្រើដោយកាំភ្លើងបាញ់សម្លាប់បុរសម្នាក់យកទ្រព្យសម្បត្តិ ករណីនេះកើតឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ឌី សៀង ហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោក បានបន្តថា៖ មុនពេលកើតហេតុនោះនៅយប់វេលាម៉ោងប្រហែល១០ ប្រជាពលរដ្ឋបាន បានឮសំលេងផ្ទុះអាវុធចំនួន ១គ្រាប់ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ពេលនោះប្រជាពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទះស្រាប់តែឃើញ ជនរងគ្រោះឈ្មោះ ឌី សៀង ហៃ ដេកដួលនៅដីរបួសធ្ងន់ ដោយឃើញសភាពជនរងគ្រោះមិនស្រួលក៏បាននាំគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់អនិច្ចាជនរងគ្រោះគ្រាប់កាំភ្លើងបាញ់ចំកន្លែងសំខាន់មិនអាចជួយសង្គ្រោះបានក៏ស្លាប់បាត់បង់ជីវិតទៅ។
លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា៖
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋហើយដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុឃើញតែជនរងគ្រោះចំណែក ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។តាមការសាកសួរបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថាខ្លួនជាអ្នកជួយលើកជនរងគ្រោះដាក់រថយន្ត ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ពោះលើផ្សិតពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតជនរងគ្រោះបានស្លាប់ទៅ ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចពិនិត្យ និងធ្វើការស្រាវជ្រាវបានធ្វើការសន្និដ្ឋានថាករណីខាងលើនេះជាករណីប្លន់យកទ្រព្យសម្បត្តិ ដោយជនសង្ស័យបានយកលុយចំនួន ៣០ម៉ឺនរៀលហើយគេចខ្លួនបាត់។សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកឃាតករសម្លាប់មនុស្សដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕