ឥទ្ធិពលគ្រឿងញៀន!បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតឃើញឪពុកម្តាយឈ្លោះគ្នាក៏ទាញកាំបិតកាប់លើឪពុកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

 ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងស្មារតី ឃើញឪពុកម្តាយឈ្លោះគ្នាទាញកាំបិតកាប់លើឪពុកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សន្លប់ឈឹង ហើយជនដៃដល់បានរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ទើបប្រទះឃើញជននេះកាន់កាំបិតចូលភូមិវិញក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
 បុរសញៀនថ្នាំខាងលើឈ្មោះ ហាំង សារាយ ហៅហើម អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកឪពុករងគ្រោះឈ្មោះ ហាំង អាយុ៦៣ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះជាឪពុក ស្រវឹងស្រាបានឈ្លោះទាស់សម្តីគ្នាជាមួយប្រពន្ធ ស្រាប់តែកូនប្រុសខាងលើដើរទៅឃើញអ្នកមានគុណទាំងពីរកំពុងឈ្លោះគ្នា ក៏ទាញបានកាំបិតកាប់ក្បាលឪពុកជាច្រេីនកាំបិតបណ្តាលឱ្យរបួសធ្ងន់ធ្ងរ បង្កឱ្យផ្អើលឆោឡោ ហើយជនដៃដល់បានរត់គេចខ្លួនចូលក្នុងត្រពាំងឈូកបាត់ ផ្អើលសមត្ថកិច្ចតាមស្វែងរកដល់យប់ នៅតែមិនឃើញ ចំណែកជនរងគ្រោះជាឪពុកត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីរពេទ្យ 
 ករណីហិង្សាក្នុងគ្រួសារខាងលើ ជនដៃដល់ជាកូនបង្កើតរហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ទើបប្រទះឃើញដើរកាន់កាំបិតចូលភូមិ ហើយពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះមកព័ទ្ធចាប់ខ្លួនបានតែរម្តង។
ជនសង្ស័យរួមជាមួយវត្ថុតាំងកសាងសំណុំរឿងបញ្ជូនទៅ។ចាត់ការតាមនីតិវិធីច្បាប់។