សាខា ក.ប.ប. រាជធានីភ្នំពេញរកឃើញទំនិញឈាមជ្រូក និងសណ្តែកបណ្តុះ ពុំមានអនុលោមភាព សរុបចំនួន ៧៣គីឡូក្រាម
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ៖
-ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម
-សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី
-មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់
-ដូចនេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។
ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដែលបានចុះមកត្រួតពិនិត្យដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ៖
- បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត
- បញ្ឈប់ការផលិត ឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា ដែលច្បាប់មិនអនុញ្ញាតិ
- រៀបចំអនាម័យ ទុកដាក់សម្ភារ វត្ថុធាតុដើម ឱ្យបានល្អ
- ម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕