សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ”
នៅរសៀលថ្ងៃពុធ ទី២០ មីនា ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខុដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៤គឺ៖ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ទី២.លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័ន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។