នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានទទួលជួប និងពិភាក្សាការងារជាមួយលោក CHEN Cong អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរក្នុងឱកាសដែលលោក CHEN Cong ត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសទទួលបន្ទុកលើក្របខ័ណ្ឌមេគង្គ-ឡាឆាង។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ ព្រមទាំងបានជម្រាបលោកអគ្គទីប្រឹក្សាអំពីការរៀបចំកម្មវីធីទិវានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៅសប្តាហ៍ក្រោយនៅភ្នំពេញដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្តមរដ្ឋលេខាធិការ និងលោកអគ្គទីប្រឹក្សា ក៏បានអះអាងឡើងវិញពីការប្តេជ្ញាបន្តធ្វើការរួមគ្នាក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងធានាការអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំមេគង្គ-ឡាឆាង ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាងទាំងមូល។ប្រភពៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ