សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាបនោះ យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងនោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថាប្រាសាទអង្គរត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចក៏បានអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះហត្ថលេខាការងារជាបន្តទៀតជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។