ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច ចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា កូនខ្មែរគ្រប់រូប សូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !
ទិវាវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ » ដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។
ទិវាវប្បធម៌ជាតិនេះដែរ ក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕