កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងបី បានបង្រ្កាបបទល្មើសជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន១ករណី ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឈូក បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ទី១.ឈ្មោះ អូន គន្ធី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅ ភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ដោយបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សរថ្លាចំនួន ១៣កញ្ចប់ និង ទូរសព្ទដៃម៉ាក Oppo ចំនួន១គ្រឿង, ទី២. ឈ្មោះ ឌឹម សុខបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
ដោយបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុដា ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ចំនួន១គ្រឿង, ទូរសព្ទដៃម៉ាក iPhone ចំនួន១គ្រឿង និង ទី៣. ឈ្មោះ ទួន ថេត ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដោយបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុដា ស៊េរីឆ្នាំ២០២៣ ពណ៍ខ្មៅ ចំនួន១គ្រឿង និង ទូរសព្ទដៃម៉ាក iPhone ចំនួន១គ្រឿង។
ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕