ចេញផ្សាយ,ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារសារព័ត៌មានអេចអញូស៍ធីវី(HRNEWSTV)
ខេត្តតាកែវ÷ គេរកឃើញទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្មដែលមានទីតាំងធំទូលាយ។ ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ ករណីនេះត្រូវគេសង្ស័យថា ឈ្មួញជាអ្នកផលិតបារីនោះ ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង។ បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយនិងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។ តើលោក ភួន ឈីម អភិបាលស្រុកបាទី បានដឹងអំពីអ្វីដែលកំពុងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ ចូល ផ្ដេសផ្ដាសនោះឡើយ។ ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះឃេីញមានរថយន្តប្រភេទទូរឬក៏ទ្រង់ចេញចូលជារៀងរាល់ថ្ងៃ ហើយរួចត្រូវបានធ្វេីដំណេីរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្តតាកែវ ទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានការចេញ ចូល ដើរក្បែរនោះដោយសេរីនោះទេ។
យ៉ាងណាក៏ដោយសូមឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាននឹងមានវិធានការក៏ដូចជាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងដែបានជំរាបខាងលេីផង។ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV)រង់ចាំការបំភ្លឺ ពីម្ចាស់ ឬតំណាងឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) និងមន្រ្តីជំនាញពាក់ព័ន្ធតាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!