នៅព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមអធិបតី សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។
សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការព្រឹកនេះមានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១៩រូប។
យោងតាមការសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបនោះ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស៕