ខេត្តព្រៃវែង៖ គ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ព្រៃវែង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤។
ក្រោយកើតហេតុលោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនៅទីតាំងផ្ទាល់ និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រុះរើ ដឹកជញ្ជូនសម្ភារៈ ទ្រព្យសម្បត្តិពលរដ្ឋ ម្ចាស់ផ្ទះ មកកាន់កន្លែងសុវត្ថិភាព។ជាមួយគ្នានេះលោក គឹម វណ្ណា ប្រធានក្រុមការងារចុះជួយឃុំកំពង់ពពិល បានចុះជួយរុះរើផ្ទះពលរដ្ឋ ជាមួយកំលាំងសមត្ថកិច្ចនិងបានជួយជាថវិការមួយចំនួនដើម្បីសម្រាលនូវទុក្ខលំបាកនេះផងដែរ។
បន្ថែមលើសពីនេះលោកប្រធានក្រុមការងារចុះជួយឃុំកំពង់ពពិល បានសម្ដែងនូវការសោកស្ដាយចំពោះគ្រោះធម្មជាតិដែលបាក់ស្រុតផ្ទះប្រជាពលរដ្ឋរហូតដល់ទៅ៥ ខ្នងហើយក៏សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលសង់ផ្ទះនៅតាមមាត់ទន្លេត្រូវសិក្សាអំពីផលប៉ះពាល់ផងដែរ។
គួរបញ្ជាក់ថា មូលហេតុដែលបង្កឱ្យបាក់ច្រាំងនេះ ដោយសារទឹកទន្លេស្រកចុះ ទើបបណ្តាលឲ្យមានការទាញដីបាក់ចុះតែម្ដង តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានបង្កឱ្យមនុស្សរងរបួសឡើយ ។ ដោយឡែកទ្រព្យសម្បត្តិ និងសម្ភារៈដែលរងការខូចខាតរួមមាន បាក់ស្រុតផ្ទះបាយ, បន្ទប់ទឹក, បន្ទប់ថ្មក្រោមផ្ទះ សរុបជាថវិកាប្រមាណ ៧.០០០ ដុល្លារ ៕