សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកដែលមានក្បួនរថយន្តដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក អមដោយរថយន្ត ២គ្រឿង ដែលជារថយន្តមេបញ្ជាការរងកងទ័ពជើងគោក នាំក្បួនព្យុះហយាត្រា ២២ផែន និងផែនគ្រឿងចក្រព្យុះហយាត្រា ចំនួន ១៣ផែន ។