ខេត្តកែប៖ លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឲ្យដឹងថាពិតជាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែន ប៉ុន្តែករណីនេះគ្រាន់តែជាការភាន់ច្រឡំតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបបានត្រឡប់មកវិញហេីយ។
យោងតាម អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក ប៊ុន យោង នៅល្ងាចថ្ងៃទី២ ខែមករានេះ បានប្រាប់សារព័ត៌មានថា សមត្ថកិច្ចពិតជាឃាត់ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលក្រុង ពិតប្រាកដមែន កាលពីម៉ោងជាង ១១ព្រឹក ប៉ុន្តែមិនទាន់ដឹងថា សមត្ថកិច្ចខាងណាឃាត់ឱ្យពិតប្រាកដនោះទេ។
លោក ប៊ុន យោង បន្តថា ៖«កុំថាឡើយខេត្ត មិនទាន់ទទួលព័ត៌មានច្បាស់លាស់ សូម្បីប្រពន្ធ លោក ខេង យ័ន ក៍មិនទាន់ដឹងដែរ»។
ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ៕