វ៉ាជែងមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័រកៀរម៉ូតូដួលបណ្ដាលឲ្យកិនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម…
ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយខណៈសិស្សសាលាម្នាក់កំពុងជិះម៉ូតូចេញពីសាលារៀន វិលទៅផ្ទះ ត្រូវបានរថយន្តកុងតឺន័រកៀរដួលហើយកិន បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៧នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវក្រោមស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញក្មេងប្រុសរងគ្រោះឈ្មោះ ព្រីង ឡាយ ហួយ អាយុ ១៣ឆ្នាំ ជាសិស្សរៀននៅសាលាអាមេរិចកាំងប្រ៊ីដ ជាប់ផ្សារជម្ពូវ័ន មានទីលំនៅ ខាងក្រោយរោងចក្រប៊ឺរី ភូមិអូរឌឹម៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះខាងលើជិះម៉ូតូស្កប់ពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KL-7610 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងដែលមានស្លាកលេខភ្នំពេញ3D-8479 បើកបរដោយបុរសម្នាក់មានឈ្មោះគេត គឿន ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មុខរបរជាតៃកុងរថយន្ត ស្រាប់តែមកដល់កន្លែងកើតហេតុក៏បានគៀរជាមួយនឹងម៉ូតូបណ្ដាលឲ្យភាគីម៉ូតូដួលបោកក្បាលមកចំកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសពក្មេងរងគ្រោះ សមត្ថកិច្ចពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕