តុលាការចេញដីកាឃុំខ្លួនអ្នកបើកឡាន Jeep ដែលបុ.កកីឡាករវៃសីជម្រើសជាតិស្លា.ប់នៅខណ្ឌទួលគោកដាក់ពន្ធនាគារហើយ
តុលាការចេញដីកាឃុំខ្លួនអ្នកបើកឡាន Jeep ដែលបុ.កកីឡាករវៃសីជម្រើសជាតិស្លា.ប់នៅខណ្ឌទួលគោកដាក់ពន្ធនាគារហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវដាក់ជននេះឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ÷ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ម្សិលមិញនេះ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវបានអាណាព្យាបាលនាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូន នគរបាលនៃស្នងការដ្ឋាននគរបាលជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់។