ព្រះវិហារ ៖ រថយន្ត ១គ្រឿង បានក្រឡាប់កាប់ផ្ងារ ក្អួតមកសុទ្ធតែឈើ នៅវេលាម៉ោង ៦÷៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ62 ត្រងចំណុចគីឡូម៉ែត្រ លេខ 87 , 88 ក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មានរថយន្ត សាំយ៉ុង ១គ្រឿង ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ 2S 0294 បានបើកចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងល្បឿនលឿន ឆ្ពោះមករាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចគីឡូម៉ែត្រ លេខ 87 , 88 លើកំណាត់ផ្លូវជាតិលេខ62 ក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បានផ្ទុះកង់ក្រោយ រេចង្កូត បណ្តាលឱ្យរថយន្តក្រឡាប់ក្អួតចេញមកសុទ្ធតែឈើ។
ម្ចាស់ឈើខាងលើមានឈ្មោះ ម៉ៅ ហៅ ម៉ៅ សក់វែង គឺជាមេឈ្មួញដុះស្លែ ដែលគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានបង្រ្កាប ធ្វើឱ្យមេឈ្មួញដុះស្លែរូបនេះដឹកជញ្ជនឈើចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មកចែកចាយតាមដេប៉ូសិប្បកម្មរាជធានីភ្នំពេញ តាមជំនើងចិត្ត។
តាមប្រភពខាងដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍ រថយន្តបែកកង់ក្រឡាប់ខាងលើបណ្តាលឱ្យមេឈ្មួញឈើឈ្មោះ ម៉ៅ ហៅ ម៉ៅសក់វែង និងស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ៕