ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលមានចំនួនសរុបប្រមាណ ១២៥៤នាក់ផងដែរ។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗជាច្រើនចំណុចដល់អង្គសន្និបាតសម្រាប់ជាទិសដៅការងារបន្តនាឆ្នាំ២០២៤ និងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដែលរដ្ឋបាលខេត្តបាត់ដំបង បាន និងកំពុងជួបប្រទះ។ ជាកិច្ចបញ្ចប់ នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស និងមេដាយការងារដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ។ប្រភពៈ ក្រសួងយុត្តិធម៌