រាជធានីភ្នំពេញ ៖ អ្នកផលិតមាតិកាតាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជើញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃើញថា បានក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានអញ្ជើញបុគ្គលម្នាក់ឈ្មោះ ហោ វិចិត្រ ភេទប្រុស មានទីលំនៅ ក្នុងរាជធានីភ្នំពេញ ដេីម្បីមកសាកសួរបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះបានយកឈ្មោះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កេីតជាក្រុម (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា ផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វេីអោយមានការភាន់ច្រឡំពីសំណាក់មហាជន។ ក្រោយពីការសួរបញ្ជាក់បុគ្គលឈ្មោះ ហោ វិចិត្រ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនមិនអោយកើតឡើងពេលក្រោយទៀតឡើយ និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នកដទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់៕