ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តម កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក អ៊ូច សុភត្រា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមមេធាវី ស៉ីនហាន ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានដាក់ពាក្យបណ្ដឹងទៅអគ្គាធិការក្រសួងមហាផ្ទៃ ដើម្បីប្ដឹង ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមួយក្រុម ដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ បានចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដោយចោទប្រកាន់ថាផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។
តាមបណ្តឹងខាងលើគឺសូមសំណូមពរស្នើសុំដល់ ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ក្រសួងមហាផ្ទៃ ជួយផ្តល់យុត្តិធម៌ដូចខាងក្រោម:
១/ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ
២/ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារត្រឡប់មកវិញ
៣/ស្នើសុំឲ្យលោកអគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ៕