នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយចំនួន ១១ អង្គ ដ៏អធិកអធមនេះ សម្តេចមហាបវធិបតី បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖
(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ ។
(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ ។
(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង ៕