សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំឭកថា ការជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ”
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦ ។ ដំណើរការសាងសង់បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ ជើង ក្នុង ១ ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី ១ ។ គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ ហិកតា និងដីបម្រុង ១.០០០ ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4 F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី ។
សម្តេចធិបតី បានរំឭកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព ហើយការជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ” សំដៅជំរុញការអភិវឌ្ឍតាមមូលដ្ឋានឱ្យបានជឿនលឿន និងកែលម្អជីវភាពប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយភាពក្រីក្រក្នុងចំណោមគ្រួសារងាយរងគ្រោះនៅតាមសហគមន៍ដាច់ស្រយាល ។ ជាមួយគ្នានេះ, យើងក៏មិនអាចបំភ្លេចបានដែរនូវការចូលរួមចំណែក និងខិតខំជ្រោមជ្រែងរបស់ដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការសិក្សាយ៉ាងល្អិតល្អន់អំពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងមួយនេះជូនប្រមុខរាជរដ្ឋាភិបាល ។
សម្តចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖ ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រង និងការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍, ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍, ការគ្រប់គ្រងបញ្ហាអនាម័យ, សន្តិសុខ និងសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍សំខាន់ៗ, ការកំណត់ថ្លៃសមរម្យ, ការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយភាពច្នៃប្រឌិត, និងការកាត់បន្ថយកម្រៃជើងសារ (Commissions) នៃកញ្ចប់ធ្វើដំណើរមកកម្ពុជា ជាដើម ។ ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយ ចំនួន ដែលមានជាអាទិ៍៖ (១.) ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, (២.) ការពង្រីកវិសាលភាពបណ្ណព្រំដែន, (៣.) ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, (៤.) ការលើកទឹកចិត្តផ្នែកពន្ធដារ, (៥.) ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង (៦.) ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ៕