រាជធានីភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ៣០៤ ផ្លូវលំ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១.ឈ្មោះ ចេង វឿត Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២.ឈ្មោះ វ៉ាស៊ីន សៀកក្វេ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង ៣.ឈ្មោះ សាលី ឈីនណាវ៉ាត់ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។
វត្ថុតាងចាប់បានរួមមាន ៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕P27