នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសម្តែងផងដែរ នូវភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញនូវបំណងក្នុងការគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ។
ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។ ដោយឡែក ជំនួបនេះ ក៏បានផ្តោតការពិភាក្សាផងដែរអំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ៕