ឯកឧត្តម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានធ្វើជាតំណាងឲ្យក្មេងស្រីទាំង៤នាក់ ដែលបានចាញ់បញ្ឆោត ក្រុមអ្នកថតរឿងអាសអាភាស
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើជាអ្នកតំណាងឲ្យកុមារីទាំង ៤នាក់ ដែលត្រូវបានចាញ់បោកបញ្ឆោតក្រុមអ្នកដឹកនាំថតរឿងអាសអាភាស និងចែកចាយតាមបណ្តាញសង្គម ហើយ ឯកឧត្តម បណ្ឌិត ក៏បានឲ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោការពារក្តី ជូននារីរងគ្រោះនិងរៀបចំដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយដែរ! នេះបើយោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទើបទទួលបាននារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ឯកឧត្តម បណ្ឌិត បានលើកឡើងថា៖ «ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ( លី សាម៉េត )សូមជំរាបដល់បង ប្អូនកូនក្មួយ ឲ្យបានជ្រាបថា បញ្ហាចៅស្រីៗទាំង០៤ នាក់នេះ ខ្ញុំបាទ ជាតំណាងឲ្យចៅៗទាំង០៤ នាក់បានដាក់ពាក្យ បណ្ដឹងចូលទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ រួចជាស្រេចហេីយ។
សូមបងប្អូនកូនក្មួយទាំងអស់ ដែលគោរពស្រលាញ់ពូ ពិចារណាមេីល ទោះបីជារឿងហេតុអ្វីក៏ដោយ មិនគួរ ពួកជនល្មេីសទាំងអស់នោះ យករឿងអាសអាភាស ក្មេងស្រីមិនទាន់គ្រប់អាយុ ផង ទោះបីក្មេងស្រីគ្រប់អាយុ ក៏ដោយក៏ពួកជនល្មេីសទាំងអស់នោះ ក៏មិនគួរយករឿង អាសអាភាសទាំងអស់នោះ បង្ហោះពេញ បណ្ដាញ សង្គម ហ្វេសប៊ុកដែរ បណ្ដាលឲ្យ អាប់អោនប្រពៃណីខ្មែរ ជាយូរលង់មកហេីយ និង ធ្វេីឲ្យប៉ះពាល់ដល់ សង្គមជាតិ សំខាន់បំផុត វប្បធម៌ខ្មែរ យេីងដែលមានភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងរុងរឿង ។ មិនគួរឲ្យបុគ្គល ឬ ជនល្មេីសមួយក្រុមនេះ កាត់តវីដេអូរខ្លីៗ រឿងអាសអាភាស ដេីម្បីកេងចំណេញរកផល ប្រយោជន៍ ផ្ទាល់ខ្លួនទេ ! ខ្ញុំបាទ សូមអរគុណ និង អរព្រះគុណ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ក្នុងរឿងនេះ ដែលបានជួយសហការណ៍ ដេីម្បីលុបបំបាត់រឿង ដែលធ្វេីឲ្យប៉ះពាល់ ដល់វប្បធម៌ស្រ្តីខ្មែរយេីង។»
ករណីខាងលើនេះយើងបានដឹងហើយថា៖ ប៉ុន្មានថ្ងៃនេះមាន ករណីនារីវ័យក្មេងចំនួន៤នាក់ ក្នុងនោះមាន ៣នាក់ ជាអនីតិជនមិនទាន់គ្រប់អាយុ បានកើតទុក្ខមិនសុខចិត្តចំពោះទង្វើនិងសកម្មភាព របស់ម្ចាស់ហ្វេសប៊ុកផេក ឡាយ្វហ្វាម (Life Film) និងជាអ្នកដឹកនាំថតរឿង អាសអាភាស លោក សុខ លីម រក្សា និងបក្ខពួក បានលួងលោមបោកបញ្ឆោតនារីវ័យក្មេងទាំងនោះឲ្យឡាយ និងថតរឿងបែបរោលរាលអាសអាភាស យកទៅបង្ហោះតាមបណ្តាញសង្គមដើម្បីរកប្រាក់ចំណូល។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន ពីនារីរងគ្រោះទាំងនោះ បានឲ្យដឹងថា៖ ពួកគេបានស្នើសុំឲ្យលោក សុខ លីម រក្សា ម្ចាស់ហ្វេសប៊ុកផេក (Facebook page) ឡាយ្វហ្វាម (Life Film) លុបរាល់វីដេអូ ដែលបានបង្ហោះទាំងអស់នោះ ក៏ប៉ុន្តែលោក សុខ លីម រក្សា មិនព្រមលុបនោះទេ! ពោលគឺមានតែបង្ហោះចែកចាយបន្ថែម និងបានដេញឲ្យនារីរងគ្រោះទាំងអស់នោះទៅប្តឹងថែមទៀតផង! មិនតែប៉ុណ្ណោះលោក សុខលីម រក្សា អ្នកដឹកនាំរឿងរូបនោះ ក៏បានអួតក្អេងក្អាងថាខ្លួនមានខ្នងបង្អែកទៀតផង ហើយក្រសួងក៏មិនខ្លាចដែរ។
យ៉ាងណាមិញ ចំពោះ នីតិវិធីយ៉ាងណាយ៉ាងណីនោះ ខាងសារព័ត៌មានយើង នៅមិនទាន់បានដឹងនៅឡើយនោះទេ ថាជោគវាសនារបស់ អ្នកដឹកនាំរឿងលោក សុខ លីម រក្សា និងបក្ខពួកគូកន អាចរត់ផុតពីការចោទប្រកាន់បានដែរឬយ៉ាងណា៕